LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រុមហ៊ុនមាសអូស្រា្ដលីកំពុងធ្វើការសាងសង់រោងចក្ររ៉ែមាសនៅកម្ពុជា ដែលអាចផ្ដល់ជាមាសសុទ្ធបានដល់ទៅជិត ១លានតម្លឹងមាស

Apr 21, 2020
ក្រុមហ៊ុនមាសអូស្រា្ដលីកំពុងធ្វើការសាងសង់រោងចក្ររ៉ែមាសនៅកម្ពុជា ដែលអាចផ្ដល់ជាមាសសុទ្ធបានដល់ទៅជិត ១លានតម្លឹងមាស

 ថ្លែង​ក្នុង​សន្និសី​ទសារ​ព័ត៌មាន​នៅ​ព្រឹក​នេះ ​អគ្គនាយក​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ​ លោក យស់ មុ​នីរ៉ាត់ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ ក្រុមហ៊ុន​មាស​អូស្ត្រាលី​មួយ​កំពុងធ្វើការ​សាងសង់​រោងចក្រ​ចម្រាញ់រ៉ែ​មាស​ខ្នាត​អន្តរជាតិ​មួយ ​នៅក្នុង​តំបន់​ជម្រករ៉ែ​ទី១ ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវ​សី​មា ខេត្តមណ្ឌលគិរី ដែល​តាម​ការវាយតម្លៃ ​នឹងអាច​ផ្ដល់​ជា​មាស​សុទ្ធ​បាន​ដល់ទៅ​ជិត ១លាន​តម្លឹង​មាស។ 

លោក​ យស់ មុ​នីរ៉ាត់ មានប្រសាសន៍​ថា៖ «ជិត ១លាន​តម្លឹង​ នៅ​ជម្រក​រ៉ែ​មាស​ទី១ នៅ​អូរខ្វាវ​ហ្នឹង ហើយ​យើង​សង្ឃឹមថា​ នៅពេល​ដែល​យើង​ចាប់ផ្ដើម​ដំណើរការ​អណ្ដូរ​រ៉ែ​ទី១ហ្នឹងហើយ តំបន់​នៅ​ជុំវិញ​ដែល​យើង​កំពុង​រុករក​ហ្នឹង​ យើង​នឹង​បាន​ទទួលជម្រករ៉ែ​ថ្មី​ៗទៀត។ ក្រោយពី​ជីក​អាហ្នឹង​អត់ នឹង​អានោះ​មក​បន្ថែម​ទៀត។ ឬមួយ​អានោះ​មិនទាន់​ជីក​អស់ ៣ ទៅ ៤ឆ្នាំក្រោយ​ មាន​រ៉ែ​ថ្មី​មក​បន្ថែម​ផលិតកម្ម​របស់​យើង​តទៅទៀត នេះ​ជា​ស្ថានភាព​ទូទៅ​នៃ​រ៉ែ​មាស​នៅ​កម្ពុជា»។

កាលពី​ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដល់​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​ដែល​មានឈ្មោះRenaissance Minerals (Cambodia​) ដើម្បី​ធ្វើការ​ទាញ​យក​រយៈពេល ១៥ឆ្នាំ លើ​ផ្ទៃដី ១១,៥គីឡូម៉ែត្រ​ការ៉េ ក្នុង​តំបន់​អូរខ្វាវ ស្រុក​កែវ​សី​មា ខេត្តមណ្ឌលគិរី។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៣ ខែមីនា កន្លងទៅ ​ក្រុមហ៊ុន Emerald Resources NL ដែល​ជា​ក្រុមហ៊ុនមេ​របស់Renaissance Minerals (Cambodia​) បានឱ្យ​ដឹង​ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​ដែល​មានតម្លៃ​ជាង ២៣០លាន​ដុល្លារ សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន MACA ថា​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់ និង​ទាញ​យក​មាស​នៅ​តំបន់​អូ​រខ្វាវ​ នឹងអាច​ដំណើរការ​បាន​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០២១ ខាងមុខ​ផង​ដែរ។